ឡូយ៩ គឺ​ជាយុទ្ធនាការ​ផ្សព្វផ្សាយ​ដែល​មាន​កម្មវិធី​កំសាន្ត និង​បំផុស​គំនិត​តាម​រយៈ​ទូរទស្សន៍ វិទ្យុ និង​អ៊ីនធឺណេត ដែល​យុវជន​កម្ពុជា​អាច​ចូលរួម​បាន។
ឡូយ៩ ​មាន​បញ្ចាំង​ជូនតាម​រយៈ ទូរទស្សន៍ CTN រាល់​ថ្ងៃអាទិត្យ ម៉ោង ៨:០០ល្ងាច និង​ចាក់ផ្សាយ​ឡើង​វិញ​រាល់​ថ្ងៃ អង្គារ ម៉ោង​៤:៣០​ល្ងាច​ក្នុង​កញ្ចក់​ទូរទស្សន៍ MyTV ។ តាមវិទ្យុ ១០៣FM និង​គេហទំព័រ www.loy9.com.kh។
កម្មវិធី ឡូយ​៩
កម្មវិធី ឡូយ ៩
ឡូយ៩ ផលិត​ដោយ​អង្គការ BBC Media Action និង​ផ្តល់មូលនិធិ​ដោយ UNDP ។ ធ្វើការផ្ទាល់​ជាមួយ​ក្រសួង​ពត៌មាន គណៈកម្មាធិការ​ជាតិ​សំរា​ប់វិមជ្ឈការ និង​សហវិមជ្ឈការ និង​គណៈកម្មាធិកាជាតិរៀប​ចំការបោះឆ្នោត ជា​មួយនិង​ក្រុមអង្គការ​យុវជន​ទូទាំង​ប្រទេសកម្ពុជា ។
ខ្ញុំ​ចូល​ចិត្ត​ និង​ចាប់​អារម្មណ៍​ចំពោះ​កម្មវិធី​នេះ​ខ្លាំង​ណាស់​ព្រោះ​ឃើញ​ថា​ល្អ ប៉ុន្តែ​នៅ​តែ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​គេ​ដាក់​ឈ្មោះ​កម្មវិធី​នេះ​ថា ឡូយ​៩? បើ​តាម​ខ្ញុំ​វិភាគ​​មើល​តាម​ពាក្យ និង​អត្ថន័យ​ប្រហែល​ជា​ពិបាក​ស្ដាប់​ណាស់​មើល​ទៅ​។ ពាក្យ ឡូយ នេះ​តាម​ពិត​ទៅ​ប្រហែល​ជា​កើត​ចេញ​ពី​ពាក្យ​ភាសា​វៀតណាម គឺ ឡូយ​ថូយ ចំណែក​ក្នុង​ន័យ​ភាសា​ខ្មែរ៖
ឡូយ  ( គុ. ឬ កិ. វិ. )  ពាក្យ​សាមញ្ញ​ទំនើប​ថ្មី​ប្រើ​កាត់​ខ្លី​មក​ពី​ពាក្យ ឡូយថូយ សំដៅ​សេចក្ដី​ថា “ផ្តាស, ផ្ដេសផ្ដាស” : មនុស្ស​ឡូយ, គំនិត​ឡូយ; កុំ​ឡូយ​ពេក ! (ម. ព. ឡូយថូយ ផង) ។
ផ្ដេសផ្ដាស ជើង ដ ( និ. ជា គុ. ឬ កិ. វិ. ) ដែល​ខ្ជីខ្ជា, ឥត​សណ្ដាប់​ធ្នាប់, ខុស​ផ្លូវ​ខុស​គន្លង, ខុស​របៀប, ខុស​ច្បាប់, តាម​តែ​ប្រទះ : សម្ដី​ផ្ដេសផ្ដាស, ការ​ផ្ដេសផ្ដាស; និយាយ​ផ្ដេសផ្ដាស, ធ្វើ​ផ្ដេសផ្ដាស ។
ចំណែក​លេខ ៩ តាម​មនុស្ស​គ្រប់​គ្នា​ធ្លាប់​និយាយ​លេង​សើច​តែង​ប្រើ​លេខ ៩ មក​និយាយ​ក្នុង​ន័យ​បង្អាប់​ជា​ដើម​ដូច​ជា ឌឺ​៩ ឧទារហណ៍​ដូច​ជា​ការ​លេង​បៀ ប៉ក់​ក្ដាំង​បាន ៩​គ្រាប់ មាន​ន័យ​ថា​អស្ចារ្យ​។ មួយ​ទៀត លេខ​ ៩ ដំណាង​អោយ​ថា មិន​គ្រប់​១០ បែប​នេះគឺ​ក្នុង​ន័យ មនុស្ស​មិន​គ្រប់ ១០ បាន​ត្រឹម​៩គឺ​នៅ​ស្ទើរ​ ជា​ដើម​។
ដូច្នេះ​ហើយ សរុប​អត្ថបទ​តាម​ពាក្យ​ថា ឡូយ​៩ បើ​គិត​ៗ​ទៅ​គឺ ផ្ដេស​ផ្ដាស់​ឥត​សណ្ដាប់​ធ្នាប់​និង​មិន​គ្រប់​​១០​។ នេះ​គ្រាន់​តែ​ជាការ​គិត​វិភាគ​តាម​គំនិត​ខ្ញុំ​ផ្ទាល់​តែ​ប៉ុណ្ណោះ ហើយ​គ្មាន​បំណង​ចង់​បង្អាប់​ឬ និយាយ​អ្វី​ប៉ះពាល់​នោះ​ទេ ហើយ​បើ​បង​ប្អូន​ណា​ដឹង​ សូម​មេត្តា​ជួយ​ពន្យល់​ផង​។