Microsoft ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​រួច​មក​ហើយ​ថា Windows 8.1 នឹង​ផ្ដល់​ជូន​ដល់​អតិថិជន​ដែល​ប្រើ Windows 8 ស្រាប់​នឹង​អាច upgrade ឡើង​ទៅ Windows 8.1 ដោយ​ឥត​គិត​ថ្លៃ។ រីឯ​ថ្ងៃ​នេះ វិញ​ក្រុមហ៊ុន​បាន​ប្រកាស​តម្លៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ចុង​ ក្រោយ​របស់​ខ្លួន Windows 8.1 នឹង​លក់​ចាប់​ពី​តម្លៃ ១២០ដុល្លារ ឡើង​ទៅ។



ក្រុមហ៊ុន Software យក្ស Microsoft បាន​ផ្ដល់​ជូន​ដល់​អ្នក​ដែល​ប្រើប្រាស់ Windows 8 license ពី​មុន​អាច​ទាញ​យក Windows 8.1 បាន​ដោយ​ឥត​គិត​ថ្លៃ ដោយ​ឡែក​ប្រសិន​ប្រិយមិត្ត​ធម្មតា​ចង់​ជាវ DVD ពី​ហាង​ចែកចាយ ឬ download ពី​គេហទំព័រ Microsoft ត្រូវ​ចំណាយ​ប្រាក់។ សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើ Windows XP, Windows Vista ឬ Windows 7 នឹង​ត្រូវ​ចំណាយ ១២០ដុល្លារ ខណៈ​ដែល​ជំនាន់ Windows 8.1 Pro តម្លៃ ២០០ដុល្លារ (នៅ​សហរដ្ឋ​អាមេរិក) ហើយ​តម្លៃ​អាច​ខុស​គ្នា​ទៅ​តាម​ទីផ្សារ​ផ្សេងៗ​គ្នា។

ស្រប​គ្នា​នោះ​ដែរ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា សម្រាប់​អ្នក​ប្រើ Windows 7 អាច update ឡើង​ទៅ Windows 8.1 បាន​តាម​ជម្រើស​មាន​សម្រាប់ (buil-in updgrade) នៅ​លើ​​Windows 7 ដែល​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិច ហើយ​កម្មវិធី​មាន​នៅ​លើ Desktop នឹង​ត្រូវ​បាន​ដំឡើង​ទៅ​ជា​កម្មវិធី Windows 8.1 ទាំង​អស់។
Microsoft បាន​ឱ្យ​ដឹង​ថា Windows 8.1 មិន​មែន​ឌីហ្សាញ​ឡើ​ង​មក​សម្រាប់​ដំឡើង​លើ​ម៉ាស៊ីន​ប្រើ Windows XP ឬ Windows Vista នោះ​ទេ តែ​ក៏​អាច​ដំឡើង​បាន​ដោយ​ជាវ​ជា DVD ជំនួស​ឱ្យ​ការ update តាម​អ៊ីនធឺណិត​បាន។ សម្រាប់​ប្រិយមិត្ត​​ដែល​ទិញ​កុំព្យូទ័រ​ដំណើរការ​ដោយ​ប្រព័ន្ធ​ ប្រតិបត្តិការ Windows 8.1 ស្រាប់​ក៏​អាច update ឡើង​ទៅ​ជំនាន់ Pro version ដោយ​ទិញ​យក Windows 8.1 Pro Pack តម្លៃ ១០០ដុល្លារ ហើយ​បន្ថែម add-on Windows Media Center មាន​តម្លៃ ១០ដុល្លារ។
ស្រប​គ្នា​នេះ​ដែរ ក្រុមហ៊ុន Software អាមេរិក​ដ៏​ល្បី​នេះ​ បាន​ខិតខំ​ជំរុញ​​អតិថិជន​ដែល​កំពុង​ប្រើ Windows XP ប្ដូរ​ទៅ​ប្រើ Windows 8.1 វិញ។ ក្រុមហ៊ុន ​នឹង​បញ្ឈប់​ការ​ផ្ដល់​ជូន​កញ្ចប់ update និង security patch នៅ​ថ្ងៃ​ទី ៨ ខែ​មេសា ឆ្នាំ២០១៤ ខាង​មុខ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ប្រញាប់​ដាស់​តឿន​អតិថិជន​របស់​ខ្លួន។