ហ្គេម​សង្គ្រាម​ដើម​ផ្កា​ជាមួយ​ខ្មោច (Plants VS Zombies) ​កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​លេង​កម្សាន្ត​ពី​សំណាក់​មិត្ត​ៗ​យុវវ័យ ជាពិសេស​ក្រោយ​ពេល​ដែល​ហ្គេម​កម្សាន្ត​នេះ​​អាច​លេង​បាន​នៅ​លើ​ Android Device ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។
យុវជន​ជា​ម្ចាស់ Galaxy S3 មួយ​រូប​ឈ្មោះ ប៊ុន សត្យា បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ទាញ​យក ហ្គេម​សង្គ្រាម​ដើម​ផ្កា​ជាមួយ​ខ្មោច ​មក​ដំឡើង​លេង​នៅ​ក្នុង​ទូរសព្ទ​​ដែល​ដើរ​លើ Android គឺ​ពិត​ជា​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​មែន ដោយ​អ្វីៗ​ដូច​​ទៅ​នឹង​ហ្គេម​សង្គ្រាម​ដើម​ផ្កា​ និង​ខ្មោច​នៅ​លើ​ iOS បេះ​បិទ​តែ​ម្ដង។
លោក​បាន​បន្ត​ថា​​ ៖” ខ្ញុំ​បាន​រង់​ចាំ​ហ្គេម​នេះ​អស់​ជា​ច្រើន​ខែ​មក​ហើយ ​ព្រោះ​តែ​ចង់​លេង មិន​ថា​តែ​ខ្ញុំ​ទេ សូម្បី​អ្នក​ផ្ទះ​របស់​ខ្ញុំ​ក៏​និយម​លេង​ទាំង​អស់​គ្នា​ដែរ”។
ចំណែក​កញ្ញា​ម្នាក់​អង្គុយ​ញុំា​កាហ្វេ ជា​មួយ​មិត្ត​ភក្តិ​នៅ​ហាង “Brown” ជិត​ផ្សារ​រាត្រី ​គឺ​កញ្ញា អា ជីង បាន​រាយ​រ៉ាប់​ទាំង​ទឹក​មុខ​ស្រស់​ស្រាយ​ថា ៖ “ខ្ញុំ​មាន iPad និង Galaxy Note 2 មួយ​គ្រឿង​ ដោយ​តែង​លេង​ហ្គេម​សង្គ្រាម​ដើម​ផ្កា និង​ខ្មោច​វគ្គ២នេះ នៅ​​ពេល​ទំនេរ​ពី​ការ​សិក្សា​​ដើម្បី​បំបាត់​ភាព​អផ្សុក”។ កញ្ញា​បាន​បន្ថែម​ថា​ ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ពេល​ដឹង​ថា​ ​​សេវាកម្ម​កម្សាន្ត​មួយ​​នេះ​អាច​​លេង​នៅ​លើ​ Android ​បាន​ ទោះ​បី​ជា​ភាសា​ចិន​ក៏​ល្អ​ដែរ​ ដោយ​សារ​តែ​កញ្ញា​ចេះ​ចិន​ស្រាប់ ដូច​នេះ​កញ្ញា​មិន​ចាំ​បាច់​យក iPad តាម​ខ្លួន​ទៀត​ទេ ពោល​​គឺ​យក​តែ Note បាន​ហើយ។
​​ឆ្លើយ​តប​ Sabay ទាំង​ទឹក​មុខ​​​​​ញញឹម​​​​ស្រស់​កញ្ញា​ លី​ លីនដា ​រៀប​រាប់​ថា​ ៖” ខ្ញុំ​មិន​ទាន់​បាន​លេង​វគ្គ​ ២​ ទេ តែ​ធ្លាប់​លេង​អា វគ្គ​ ១ កន្លង​មក ​គឺ​មាន​ភាព​ទាក់​ទាញ​ជា​ខ្លាំង”។ កញ្ញា​បន្ត​ថា៖ “​​ធ្លាប់​លេង​រហូត​ភ្លេច​បាយ​ភ្លេច​ទឹក​ជា​មួយ​នឹង​ហ្គេម​មួយ​ហ្នឹង​ក៏​មាន ​ដែរ”។
ជាមួយ​ ការ​ដាក់​ឲ្យ​ទាញ​យក​របស់ហ្គេម​សង្គ្រាម​ដើម​ផ្កា​ជាមួយ​ខ្មោចនៅ​លើ Android កញ្ញា​ជឿជាក់​ថា ហ្គេម​មួយ​នេះ កាន់​តែ​ភាព​ល្បី​ល្បាញ​ខ្លាំងជាង​មុន​ទៅ​ទៀត។
ដើម្បី​ទាញយក Plants vs. Zombies វគ្គ ២ សូម​ ចុច​ត្រង់​នេះ
ដោយសប្បាយ