អ៊េស្ពូ ហ្វាំងឡង់៖ កាលពីថ្ងៃទី16 ខែកញ្ញា ឆ្នាំ2013 កន្លងទៅនេះ, Nokia បានបង្ហាញទូរស័ព្ទថ្មី ដែលមានតម្លៃទាប ហើយមានបំពាក់កាមេរ៉ាទៀត គឺទូរស័ព្ទ Nokia 108 (ស៊ីមមួយ) និង Nokia 108 (ស៊ីមពីរ) ។ ទូរស័ព្ទទាំងពីរប្រភេទនេះ មានភាពស័ក្តិសម ឥតខ្ចោះនឹង អ្នកប្រើប្រាស់ថ្មីថ្មោង ដែលមិនត្រឹមតែ អាចហៅទូរស័ព្ទ ឬ ផ្ញើសារប៉ុណ្ណោះទេ គឺថែមទាំងអាច ថតរូបបានទៀត ។
Nokia 108 ផ្តល់លទ្ធភាពឲ្យ អ្នកប្រើប្រាស់ថត បានទាំងរូបភាព ទាំងវីដេអូ ដើម្បីផ្តិតយក សកម្មភាពសំខាន់ ៗ ប្រចាំថ្ងៃសម្រាប់ យកទៅធ្វើជា កម្រងព្រឹត្តិការនៃជីវិត ។ ដោយមានបច្ចេកវិទ្យា Slam ផងនោះ, ការផ្ទេរទិន្នន័យទៅវិញ ទៅមកជាមួយ ឧបករណ៍ចល័តដទៃ មានភាពងាយស្រួល និងបានឆាប់រហ័ស ។ ម៉្យាងទៀត ទូរស័ព្ទនេះទ្រទ្រង់ អង្គចងចាំដែល មានទំហំរហូតដល់ទៅ 32GB ដូច្នេះអ្នកប្រើប្រាស់ អាចរក្សាទុកនូវ ទិន្នន័យផ្សេងៗ ដូចជារូបភាព ចម្រៀង វីដេអូ ។ល។ បានយ៉ាងច្រើន សន្ធឹកសន្ធាប់ ។
Nokia 108 ផ្តល់នូវបទពិសោធន៍ថ្មី លើការប្រើប្រាស់ ទូរស័ព្ទចល័ត ក្នុងតម្លៃទាប។ ក្រៅពីមានបំពាក់ កាមេរ៉ា VGA, Nokia 108 ក៏មានកម្មវិធីចាក់ចម្រៀង MP3 Player, វិទ្យុ FM, ហ្គែម Snake, ម៉ោង រោទិ៍ បណ្តាក់, ពិល ។ល។ ទន្ទឹមនឹងនេះ អាយុកាលកាន់ភ្លើង នៃថ្មគឺបានរហូតដល់ទៅ 31 ថ្ងៃ សម្រាប់ម៉ូដែលស៊ីមមួយ និង 25 ថ្ងៃសម្រាប់ម៉ូដែលស៊ីមពីរ (ក្នុងករណីបើកទុកចោល) ដូច្នេះ អ្នកប្រើប្រាស់អាច នឹងរីករាយបាន កាន់តែច្រើនក្នុងការ ទាក់ទងគ្នាតាមទូរស័ព្ទ ។
លោក Timo Toikkanen នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុក Mobile Phone បាន មានប្រសាសន៍បញ្ជាក់ថា ៖ យើងបន្តលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងគ្នារវាងមនុស្សជាតិរាប់លាននាក់ រាប់បញ្ចូលទាំងអ្នកដែលមិនទាន់បានប្រើទូរស័ព្ទពីមុនមក ។ នៅមានមនុស្សជាច្រើនទៀត នៅលើពិភពលោកយើងនេះ ដែលមិនទាន់មានទូរស័ព្ទថតរូបនៅឡើយ ។
Nokia 108 និង Nokia 108 ស៊ីមពីរ មានច្រើនពណ៌គឺ ក្រហម ស ខ្មៅ លឿង ខៀវ ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែល 29 ដុល្លាសហរដ្ឋ (តម្លៃមិនទាន់គិតពន្ធអាករ) ក្នុងអំឡុងត្រីមាសទី 4 ខាងមុខនេះ ៕