បច្ចុប្បន្ននេះបណ្ដាក្រុមហ៊ុនផលិតទូរស័ព្ទស្ទើរតែទាំងអស់បាន ផលិតទូរស័ព្ទទំនើបដែលមានអេក្រង់ធំៗចាប់ពី 5-inch ឬគេហៅថាប្រភេទ Phablet ដោយឡែកចំពោះ Apple ដែលជាក្រុមហ៊ុនដ៏ល្បីរបស់សហរដ្ឋអាមេរិកមិនទាន់ឃើញមានបញ្ចេញ ទូរស័ព្ទទំនើបដែលមានអេក្រង់លើសពី 4-inch នៅឡើយទេ ។
កាលពីពេលដែល Apple មិនទាន់បានបញ្ចេញ iPhone 5S នៅឡើយនោះ មានអ្នកវិភាគនិងប្រភពជាច្រើនបានរំពឹងថាទូរស័ព្ទទំនើបមួយនេះ នឹងមានអេក្រង់ធំជាង iPhones ម៉ូដែលមុនៗប៉ុន្តែពេលដែល iPhone 5S ត្រូវបានបញ្ចេញជាផ្លូវការនោះវានៅតែរក្សាទំហំ 4-inch ដដែល ។ ដោយឡែកសម្រាប់ពេលនេះមានសេក្ដីរាយការណ៍មួយបានអះអាងថា iPhone 6 នឹងមានអេក្រង់ទំហំ 5-inch និងកម្រិតភាពច្បាស់ 1920 x 1080 pixels (Full HD) និងមាន 440 pixels ក្នុងមួយអ៊ីញ (440ppi) បើធៀបនឹងកម្រិតភាពច្បាស់នៃអេក្រង់របស់ iPhone នាពេលបច្ចុប្បន្នគឺមានត្រឹមតែ 326ppi ។ សូមបញ្ជាក់ថាបើយោងតាមសេចក្ដីរាយការណ៍ដដែលបានឲ្យដឹងថាអេក្រង់ ដែលនឹងត្រូវបំពាក់លើ iPhone 6 នោះគឺត្រូវបានផលិតដោយក្រុមហ៊ុន LG ។
គំរូ iPhone 6
នាពេលកន្លងមកក្នុងឆ្នាំ២០១៣ នេះក៏ធ្លាប់មានព័ត៌មានចចាមអារ៉ាមជាច្រើនក៏ដូចជាការសន្និដ្ឋាន របស់អ្នកវិភាគមួយចំនួនថាក្រុមហ៊ុនខ្នាតយក្សមួយនេះកំពុងតែត្រៀម នឹងបញ្ចេញទូរស័ព្ទទំនើបដែលមានអេក្រង់ធំៗផងដែរ ។
បើក្រុមហ៊ុន Apple ពិតជានឹងបញ្ចេញទូរស័ព្ទទំនើបដែលមានអេក្រង់ទំហំធំៗមែននោះ ក្រុមហ៊ុនមួយនេះពិតជាអាចបំពេញអតិថិជនបានកាន់តែច្រើនព្រោះថា បច្ចប្បន្ននេះមានអតិថិជនក៏ដូចជាសាធារណជនជាច្រើនមានទំនោរទៅរក ការប្រើប្រាស់ទូរស័ព្ទទំនើបដែលមានអេក្រង់ធំៗ ។ បញ្ជាក់៖ គេរំពឹងថាក្រុមហ៊ុន Apple នឹងបញ្ចេញ iPhone 6 នៅក្នុងខែកញ្ញា ឆ្នាំ២០១៤ រីឯប្រភពផ្សេងទៀតបានបញ្ជាក់ថា iPhone 6 អាចនឹងត្រូវប្រកាសចេញក្នុងខែឧសភា ឆ្នាំ២០១៤ ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទូរស័ព្ទទំនើប iPhone 6 ក៏ដូចជាទូរស័ព្ទទំនើបជំនាន់ថ្មីផ្សេងៗទៀតរបស់ក្រុមហ៊ុន Apple សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
ខាងក្រោមនេះជាគំរូ iPhones អេក្រង់ធំៗ ឬ iPhone 6 ៖
តើប្រិយមិត្តយល់ដូចម្ដេចដែរបើ Apple ផលិត iPhones ជំនាន់ក្រោយ មានអេក្រង់ច្រើនជម្រើសនិងមានទំហំចាប់ពីជាង 4-inch រហូតដល់ 6-inch នោះ ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម៖
ប្រភពពី ពពក