បន្ទាប់ពីត្រូវបានអភិវឌ្ឍអស់រយៈពេលយ៉ាងយូរ Google Translate ភាសាខ្មែរ បានចេញរូបរាងជាផ្លូវការហើយ នាថ្ងៃទី ១៩ មេសា ២០១៣ នេះ។ កម្មវិធីបកប្រែរបស់ Google នេះ ដំណើរការជាមួយ Khmer Unicode។ លោក ​ហេង សុវណ្ណ ដែលជាអ្នក​សម្រប​សម្រួល​របស់​ក្រុមហ៊ុន Google ប្រចាំ​ប្រទេស និងដែល​ចូលរួម​ដំណើរ​រៀបចំ​កម្មវិធី​បកប្រែ​នេះបានបញ្ជាក់ថា ការងារ​បង្កើត​ឱ្យមាន​ការ​បកប្រែ​នេះ​គឺ​បាន​រៀបចំ​ឡើង​រយៈពេល​ប្រហែល​៥ឆ្នាំមកហើយ នេះបើតាម ភ្នំពេញប៉ុស្ដិ៍។ បើទោះបីជា នៅមានភាពខុសឆ្គងក្នុងការបកប្រែខ្លះក៏ដោយ ក៏នេះអាចបង្ហាញឱ្យឃើញពីការបោះជំហានមួយថ្មីរបស់កម្ពុជា និងភាសាខ្មែរ ទៅកាន់ពិភពលោក។ ដើម្បីសម្រួលដល់ការបកប្រែឱ្យកាន់តែមានសុក្រិតភាព និងប្រសិទ្ធិភាព «ខំរៀន» សូមសំណូមពរដល់អ្នកដែលបានប្រើប្រាស់ Google Translate ហើយបានឃើញនូវកំហុសលើការបកប្រែ សូមធ្វើការកែតម្រូវនៅឃ្លានោះ ដោយចុចលើឃ្លានោះ ហើយកែតម្រូវវា។