Ads Area

ស្វែងយល់ពីភាសារបស់ iPhone? អ្វីទៅ Jailbreak, ដោះកូដ និង Cydia?


សំរាប់លោកអ្នកដែលទើបនឹងទិញ iPhone អាចនឹង មានចំងល់ច្រើន ពិសេសគឺ វាក្យស័ព្ទដែលគេនិយមប្រើលើ iPhone។ ខាងក្រោមនេះ គឺជាវាក្យស័ព្ទ និងនិយមន័យរបស់វាៈ

Activation

នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវា បើកមិនចេញ ឬគាំងនោះ លោកអ្នក នឹងអាចប្រើទូរស័ព្ទបាន សំរាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គូ iTune និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយលោកអ្នក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវីធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation តែវិធីនេះ តំរូវអោយលោកអ្នក ត្រូវ Jailbreak ទូរស័ព្ទជាមុនសិន។

Jailbreak

ទូរស័ព្ទរបស់លោកអ្នក ត្រូវបាន Apple កំណត់មិនអោយដំឡើងកម្មវិធី ឬកែកុនអ្វីទាក់ទងនឹងប្រព័ន្ធនោះទេ ហើយលោកអ្នក អាចដំឡើងបានតែកម្មវិធីដែលដោនឡូដពី App Store របស់ Apple តែប៉ុណ្ណោះ។ ដើម្បីអាចដំឡើងកម្មវិធីដែលដោនឡូដពីវ៉ិបសាយ ឬប្រភពផ្សេងក្រៅពី App Store បាន លុះត្រាតែ លោកអ្នក ធ្វើការ Jailbreak iPhone របស់លោកអ្នកជាមុនសិន។ Jailbreak ប្រៀបដូចរំដោះទូរស័ព្ទយើង ចេញពីការឃុំឃាំងរបស់ Apple ដូច្នោះដែរ។ ក្រោយពេល លោកអ្នក Jailbreak ទូរស័ព្ទរបស់លោកអ្នកហើយ លោកអ្នក អាចធ្វើអ្វីបានច្រើនជាមួយទូរស័ព្ទរបស់លោកអ្នកដូចជា ដោះកូដ, ដំឡើងភាសាខ្មែរ និងបញ្ចូល Theme ជាដើម។ អាច Jailbreak បាន ឬមិនបាន ត្រូវមើលទៅលើស៊េរី iOS ថាតើវា Version ប៉ុន្មាន។ ការ Jailbreak មានពីរប្រភេទគឺ Tethered Jailbreak និង Untethered Jailbreak។ Tethered Jailbreak ពេលលោកអ្នក បិទ-បើកទូរស័ព្ទ ឬ Restart លោកអ្នក ត្រូវ Jailbreak ម្តងទៀត។ ចំណែក Untethered Jailbreak ពេលលោកអ្នក Jailbreak ហើយគឺស្ថិតក្នុងសភាព Jailbreak រហូត ហើយអាចបិទ-បើកទូរស័ព្ទបានដោយស៊េរី។
ដើម្បីឆែកមើល OS version សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Version

Unlock

Unlock ឬដោះកូដ មានន័យថា ធ្វើអោយទូរស័ព្ទអាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន។ ទូរស័ព្ទដែលត្រូវការដោះកូដ ច្រើនតែជា ទូរស័ព្ទដែលគេទិញមកពីក្រៅប្រទេស ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនទូរស័ព្ទ ដូចជា ទូរស័ព្ទដែលទិញពីអាមេរិក ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទ AT&T ជាដើម។ ទូរស័ព្ទដែលជាប់កូដ មិនអាចប្រើជាមួយប្រព័ន្ធទូរស័ព្ទដទៃទៀតបានឡើយ លុះត្រាតែ ធ្វើការដោះកូដជាមុនសិន។ សំរាប់ iPhone បច្ចុប្បន្ន មានពីរស៊េរីគឺ ពួកជាប់កូដ និងពួកមិនជាប់កូដ ឬហៅថា ពួក Original Unlock។ ពួកមិនជាប់កូដ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន ហើយអាច Update Firmware ឬ OS ដោយស៊េរី ដោយមិនខ្លាចជាប់កូដនោះទេ។ ចំណែកពួកជាប់កូដវិញ ត្រូវដោះកូដតាមរយៈកម្មវិធី Ultrasnow ហើយពេល Update Firmware ឬ OS ស៊េរីថ្មីៗ នឹងត្រូវជាប់កូដវិញជាមិនខាន។ អាចដោះកូដបាន ឬមិនបាន ត្រូវមើលលើ Baseband ឬ Modem Firmware របស់វា។ មុននឹងដោះកូដបាន លុះត្រាតែ Jailbreak ជាមុនសិន។
ដើម្បីឆែកមើល Baseband ឫ Modem Firmware សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Modem Firmware

Baseband ឬ Modem Firmware
Baseband គឺជាផ្នែកមួយនៃទូរស័ព្ទដែលគ្រប់គ្រងមុខងារដែលទាក់ទងនឹងអង់តែន និងការចាប់សេវា ហើយជាអ្នកកំណត់ថាតើ ទូរស័ព្ទ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាខ្លះ។ Baseband ស្ថិតនៅដោយឡែកពីផ្នែក OS ឬប្រព័ន្ធប្រតិបត្តិការ ហើយមានស៊េរីរបស់វាផ្ទាល់ខ្លូនដូចជាៈ 3.10.01, 4.01.13 ជាដើម។ ការដំឡើង ឬ Update OS ឬ Restore តាមរយៈ iTune នឹងធ្វើអោយ Baseband ឡើងទៅស៊េរីថ្មីដែរ។


អ្វីទៅ Cydia?

Cydia គឺជាទីបណ្តុំនៃបណ្តាកម្មវិធីទាំងឡាយរួមមាន កម្មវិធីកែកុនប្រព័ន្ធ, Theme, សម្លេងរោទ៍, កម្មវិធី Jailbreak និងកម្មវិធីដោះកូដជាដើម ដែលសរសេរឡើង ដោយអ្នកសរសេរកម្មវិធីផ្សេងៗ ហើយដែលកម្មវិធី ទាំងនេះ ភាគច្រើន មិនអនុញ្ញាតិអោយដាក់នៅលើ App Store នោះទេ។

Restore iPhone

ការ Restore គឺអាចធ្វើបានតាមរយៈកម្មវិធី iTune ប៉ុណ្ណោះ។ ក្រោយការ Restore ទូរស័ព្ទរបស់លោកអ្នក ស្ថិតក្នុងស្ថានភាពដូចទើបនឹងទិញថ្មីដូច្នោះដែរ គឺស្អាតថេង មិនមានកម្មវិធី ឬឯកអ្វីទាំងអស់។ ដូចនេះ ត្រូវធ្វើការ Jailbreak រួច Unlock ម្តងទៀត។ លោកអ្នក អាច Restore ទៅកាន់ស៊េរី OS បច្ចុប្បន្ន និង BaseBand បច្ចុប្បន្នតែប៉ុណ្ណោះ មិនអាច Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបានឡើយ ហើយក៏មិនអាចទំលាក់ Baseband version បានដែរ។ ហេតុអ្វីទៅ? នេះ ជាការកំរិតរបស់ Apple ហើយបើគាត់សំរេចថាម៉េច គឺអញ្ចឹងហើយ… មិនអាចតវ៉ាបានទេ។ តែមានវិធី អាចអោយលោកអ្នក Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបាន លុះត្រាតែ លោកអ្នក បាន save កូនសោរ SHSH សំរាប់ version ដែលលោកអ្នក ចង់ Restore ទៅនោះ ជាមុនសិន។ ហើយម្តងទៀត គ្មានវិធីអ្វី អាចទំលាក់ Baseband បាននៅឡើយទេ នាពេលនេះ។

កូនសោរ SHSH

កូនសោរ SHSH គឺជាឯកសារមួយ ដែលលោកអ្នក ត្រូវការក្នុងការ Restore ទៅកាន់ Firmware ឫ OS version ចាស់ៗ។ បច្ចុប្បន្ន មានវិធី 2 ដែលអាចអោយលោកអ្នក អាចរក្សាកូនសោរនេះគឺ ប្រើកម្មវិធី iSHSHit នៅលើ iPhone និង TinyUmbrella នៅលើកុំព្យូទ័រ៕

Top Post Ad

Below Post Ad