នៅ​មុន​ពេល Apple ចេញ iPhone 6 នៅ​ឆ្នាំ២០១៤ ខាង​មុខ ហើយ​ជា​ពេល​ដែល​ក្រុមហ៊ុន​ទើប​ប្រកាស​សម្ពោធ iPhone 5S/5C មិន​បាន​មួយ​សប្ដាហ៍​ផង​នោះ ស្រាប់​តែ​ពេល​នេះ​មាន​លេច​​ឮ​​លក្ខណៈ​សម្បត្តិ Smartphone ​​ដែល​ឃើញ​តែ​​ព័ត៌មាន​ នៅ​មិន​ទាន់​ឃើញ​រាងរៅ​ពិតប្រាកដ​ជំនាន់​ទី ៨ របស់ Apple ​គឺ​ iPhone 6​ បាត់​ទៅ​ហើយ។ តើ​នឹង​មាន​លក្ខណៈ​សម្បត្តិ​អស្ចារ្យ​យ៉ាង​ណា​ទៀត​បន្ទាប់​ពី iPhone 5S?



ឈ្មោះ iPhone 6 ត្រូវ​បាន​គេហទំព័រ​ព័ត៌មាន​​អន្តរជាតិ​​​ជា​ច្រើន​ចុះ​ផ្សាយ​​​​តៗ​គ្នា​ជា ​បន្តបន្ទាប់។ ជាក់​ស្ដែង ​គេហទំព័រ​កាណាដា​របស់​ក្រុមហ៊ុន Apple បាន​​បង្ហើប​​ថា ជំនាន់​ថ្មី​នេះ​ទំនង​លែង​ជា Smartphone ហើយ​តែ​ជា Phablet ទៅ​វិញ​ទេ ព្រោះ​ទទួល​បាន​ការ​ពង្រីក​ទំហំ​អេក្រង់​​។ បើ​តាម​ព្រឹត្តិបត្រព័ត៌មាន The Wall Street Journal បាន​ទម្លាយ​​ថា Apple កំពុង​ធ្វើតេស្ត iPhone ថ្មី​មាន​អេក្រង់ ៦អ៊ីញ។
មិន​តែ​ប៉ុណ្ណោះ គេហទំព័រ​កាណាដា​របស់ Apple ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា នឹង​មាន​កម្មវិធី​មួយ​ចំនួន​ចេញ​ថ្មី ដែល​រួម​មាន iMovie, Pages និង Kenote បំពាក់​នៅ​លើ iPhone 6។ មិន​ត្រឹមតែ​អេក្រង់ ៦អ៊ីញ​ធំ​ជាង​មុន​ទេ តែ​ក៏​មាន​ថាមពល​ថ្ម​ដល់​ទៅ 2000mAh ច្រើន​ជាង iPhone 5S ដែល​មាន​ត្រឹម 1570mAh ​ទៀត​ផង។ ​មុខងារ​ថ្មី​មួយ​ទៀត​គឺ 5S ប្រើ iOS 7 ចំណែក iPhone 6 នឹង​ប្រើ iOS 8។ ចំណែក​កាមេរ៉ា​ទំហំ 13MP ធំ​ជាង iPhone 5S និង 5C ដែល​មាន​ទំហំ​​ត្រឹម​តែ​ 8MP ​ពោល​គឺ​​​ដូច iPhone 5 សព្វ​ថ្ងៃ ហើយ Memory ទំហំ​ចាប់​ពី 32GB ឡើង​ទៅ​ដល់ 64GB៕