Ads Area

ទង្វើគួរប្រយ័ត្ន ៤ យ៉ាង

   

#សូមប្រយ័ត្នចំពោះទង្វើ៤យ៉ាងនិងទប់ស្កាត់កុំឱ្យវាក្លាយទៅជាទម្លាប់មនុស្សក្នុងពេលជួបជុំអ្នកស្និទ្ធស្នាល មិត្តភក្តិ ញាតិសន្តានក្រុមគ្រួសារ ក្រុម ឬដៃគូក្នុងការងារ និងពេលមានដៃគូសន្ទនានានា មនុស្សម្នា អាចភ្លេចខ្លួន ភ្លេចរឿងសីលធម៌ សុជីវធម៌ គុណធម៌និងភ្លេចពីរឿងទឹកចិត្ត គំនិត ឬក៏ការគោរពចំពោះដៃគូសន្ទនា។  


លោក-អ្នក គួរតែគ្រប់គ្រងចិត្ត អារម្មណ៍ និងការវាចាចេញដោយប្រុងប្រយ័ត្ន កុំឱ្យថ្លោះធ្លោយប្រព្រឹត្តនូវទង្វើអវិជ្ជមាន៤យ៉ាងហើយក៏គួរតាំងប្តេជ្ញាចិត្ត #ទប់ស្កាត់កុំឱ្យរឿង៤យ៉ាងនេះ ត្រូវបានអនុវត្តដោយមិនដឹងខ្លួន និងបណ្តោយឱ្យកើតមានជាហូរហែរហូតក្លាយជាទម្លាប់។ 


ទប់ស្កាត់ និងជៀសវាងទង្វើអវិជ្ជមាន៤យ៉ាងនេះបាន ដៃគូសន្ទនានឹងផ្តល់តម្លៃ និងគោរពរាប់អានលោក-អ្នកលើសពេលមុនៗ។


ទង្វើអវិជ្ជមាន៤យ៉ាង គួរតែត្រូវជៀសវាងឱ្យបាននោះ មាន៖

នាំ ឬរួមជជែកអាក្រក់ពីអ្នកណាម្នាក់ ឬអ្នកដទៃ ដោយជំនួសវិញនូវការលើកសរសើរពីគុណសម្បត្តិអ្នកណាម្នាក់ ឬអ្នកដទៃនៅចំពោះមុខគូសន្ទនា។ 


មនុស្ស មានសន្តានចិត្តទូលំទូលាយគួរជាទីរាប់អាន គឺតែងតែធ្វើបែបនេះ។


ជៀសវាងការលែងសើចភ្លេចខ្លួន និងឈានដល់

ការបង្អាប់គ្នីគ្នា ឬដៃគូសន្ទនាណាម្នាក់ ធាត់ ស្គម អញ្ចេះ អញ្ចុះ ខិល ខូច  ឬអាមួយនេះអត់ស្រួលទេ។ល។ និង។ល។ 


មនុស្សល្អ និងដែលគួរឱ្យគោរព ឱ្យតម្លៃ មិនធ្វើទង្វើជាន់ពន្លិចអ្នកណាម្នាក់ ឬអ្នកដទៃដាច់ខាត។

 

ជៀសវាងការបដិសេធភ្លាមៗ គំនិត ចំណាប់អារម្មណ៍ ឬមតិរបស់ដៃគូសន្ទនាណាម្នាក់ ឬអ្នកដទៃ ដោយមិនបានស្តាប់ការបកស្រាយពីដើមដល់ចប់រឿង និងមិនបានយល់សាច់រឿងគ្រប់ជ្រុងជ្រោយ។ 


មនុស្សមានសុជីវធម៌ និងឱ្យតម្លៃដល់មនុស្ស មិនធ្វើបែបនេះទេ បើទោះជាត្រូវបដិសេធក៏ដោយ ក៏មានហេតុមានផល និងមិនចំៗពេកនោះទេ។ 


ជៀសវាងការបញ្ចេញទស្សនៈអវិជ្ជមានជាត្រីមុខអំពីរឿងត្រូវធ្វើ និងសំណើឱ្យមានការសហការ ដោយថាខ្លាចបរាជ័យ ខ្លាចគេបោក ភូតភរកុហក ខ្លាចដើរទៅមុខមិនរួច។ល។ 


មនុស្សប្រកបដោយវិចារណញាណ មិនផ្តើមសម្តីនិងការនិយាយជាមួយភាសាអវិជ្ជមាន ឬភាសាបរាជ័យក្នុងការពិភាក្សាទេ។ គេមានសមត្ថភាពយល់ ដឹង និងមើលឃើញពីភាពអាចបរាជ័យ និងចេះបង្វែរចិត្ត គំនិត និងសមត្ថភាពឱ្យរហ័ស ក្នុងការរកឱ្យឃើញ និងលើកប្រាប់ទៅដៃគូសន្ទនាពីវីធីយកឈ្នះបញ្ហា និងដំណោះស្រាយដ៏ល្អៗដើម្បីសម្រេចរឿងបានលើកស្នើមកជជែក។

សូមសំណាងល្អ និងជោគជ័យ៕

អត្ថបទដោយ ឯកឧត្តមបណ្ឌិត សួន រ៉ានី SUON RANY 



Top Post Ad

Below Post Ad