សួស្ដី ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ជូន​ពី​របៀប​បម្លែង​ពី​ប្លក Wordpress ទៅ​កាន់​ប្លក Blogger វិញ។ ដោយ​កាល​ពី​មុន​ខ្មែរ​យើង​ចូលចិត្ត​បង្កើត​ទៅ Wordpress ណាស់ ព្រោះ​វា​មាន​​មាន​លក្ខណៈ​ទំនើប និង​ងាយស្រួល​តាម​ដាន​រាល់​បណ្ដាល​ប្លក​ខ្មែរ​ផ្សេងៗ។ តែ​​ជា​សំណាង​អាក្រក់​ មាន​ប្លក​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ខាង​ Wordpress បិទ​ចោល​​ដោយ​គ្មាន​ប្រាប់​មូល​ហេតុ ដោយ​គេ​សម្អាង​ថា​ល្មើស​លក្ខខណ្ឌ​​ តែ​​គ្មាន​អ្នក​ណា​អាច​ដឹង​បាន​ថា​ខុស​អី​នោះ​ទេ សូម្បី​តែ​អ្នក​សរសេរ​រិះគន់​បញ្ហា​សង្គម​របស់​ខ្លួន​សោះ ហើយ​អោយ​តែ​មាន​អ្នក​រាយការណ៍ គឺ​ប្រាកដ​ជា​បិទ​ភ្លាម​គ្មាន​នៅ​យូរ​ទេ។​ ​ដូច្នេះ Wordpress គឺ​ជា​ទឹក​ក្ដៅ​ដែល​មិន​អាច​អោយ​ត្រី​នៅ​បាន​ទេ។


   ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​ពិភព​អ៊ីនធឺណិត ​មិន​ដែល​មាន​អ្វី​តែ​មួយ​នោះ​ទេ មាន​ប្រព័ន្ធ​ប្លក​ដែល​ល្បី​និង​សម្បូរ​​អ្នក​ប្រើ​ជាប់​លេខ​មួយ​នោះ​គឺ Blogger ដែល​ជា​សេវាកម្ម​បង្កើត​ប្លក (កំណត់ហេតុ​ផ្ទាល់​ខ្លួន​នៅ​លើ​​បណ្ដាញ​អ៊ីនធឺណិត) ​​ប្រើ​ដោយ​មិន​គិត​ប្រាក់​របស់ Google ​ដែល​មាន​សេរីភាព​ជាង Wordpress ឆ្ងាយ​ណាស់ ដូចជា៖
  • ​ងាយស្រួល​សរសេរ​មិន​សាំញ៉ាំ ដំណើរការ​រហ័ស​ជាង Wordpress។
  • មាន​ទំហំ​ផ្ទុក​រូបភាព​គ្មាន​ដែន​កំណត់ ​ប្រ​សិន​ធ្វើ​តាម​ការ​កំណត់​របស់ Google។
  • មាន Template ស្អាតៗ និង​ប្រើ​បាន​ដោយ​សេរី​ជា​ច្រើន។

   ឥឡូវ​នេះ​ខ្មែរ​យើង​ដែល​ជា​អ្នក​​ចង់​បង្កើត​ប្លក​ បាន​ងាក​មក​បង្កើត​ដោយ​ប្រើ​សេវាកម្ម​របស់ Google វិញ​ហើយ​ ដោយ​សារ​តែ​វា​មិន​សូវ​រឹតត្បិត​ទេ ឧទាហរណ៍ : ការ​បង្ហោះ​ឯកសារ​ចំរៀង កម្មវិធី រិះគន់​សង្គម នយោបាយ ជា​ដើម។

  ចូល​មក​ដល់​សាច់​រឿង​វិញ​ យើង​មាន​វិធី​ក្នុង​ការ​ដឹក​ជញ្ជូន​អត្ថបទ (ប្រកាស) ដែល​បាន​ចុះ​ផ្សាយ​ក្នុង Wordpress រួច​ហើយ​ដោយ​បម្លែង​​យក​ទៅ​ដាក់​ក្នុង Blogger វិញ។ សូម​មើល​វិធី​ធ្វើ​ដូច​ខាង​ក្រោម​នេះ ៖

 ចំណាំ៖

  • លោក​អ្នក​មិន​អាច​បម្លែង​ប្លក Wordpress ដែល​មាន​ប្រកាស​រាប់រាយ​អត្ថបទ​ទៅ​ហើយ​នោះ​ទេ ព្រោះ​ការ​បម្លែង​​នេះ​មាន​ត្រឹម​តែ 1MB តែ​ប៉ុណ្ណោះ មាន​ន័យ​ថា​ការ​បន្លែង​អនុញ្ញាតិ​តែ​ក្រោម​ទំហំ 1MB។
  • រាល់​អាស័យ​ដ្ឋាន URL របស់​ប្រកាស​​កន្លង​មក​នឹង​ត្រូវ​កែប្រែ មិន​នៅ​ដូច​ដើម​បាន​ទេ។
  • ម៉ាស៊ីន​ស្វែង​រក (search engine) នឹង​មិន​ទាន់​ស្គាល់​អត្ថបទ​ទាំង​នោះ​ភ្លាមៗ​បាន​ទេ ត្រូវ​ការ​រយៈពេល​​ដើម្បី​ធ្វើ​អោយ​វា​ស្គាល់។
  • ការ​បម្លែង​នេះ​គឺ​សាក​សម សម្រាប់​តែ​​ Wordpress ថ្មីៗ​ដែល​មិន​សូវ​មាន​អត្ថបទ​ច្រើន​។

ការ​នាំ​ចេញ​ប្លក Wordpress ៖

- កត់ត្រា​ចូល​ (Log In) ប្លក Wordpress របស់​អ្នក​ដោយ​ចូល​ទៅ​តាម >> www.ឈ្មោះ​ប្លក​របស់​អ្នក.wordpress.com/wp-admin
- ចុច​លើ Tools >> Export ។ នោះ​លោក​អ្នក​នឹង​ទទួល​បាន​ឯកសារ​ដែល​មាន​កន្ទុយ WXR ដែល​ជា​ឯកសារ database របស់ Wordpress។ សូម​មើល​រូប​ខាង​ក្រោម

 បន្លែង​ពី​ឯកសារ WXR ទៅ​កាន់​ឯកសារ XML ៖

- ចូល​ទៅ​កាន់ www.wordpress2blogger.appspot.com ដែល​ជា​​គេហទំព័រ​មាន​មុខងារ​បម្លែង​ប្លក Wordpress ទៅ​កាន់ Blogger ។
- រួច​ចុច​ប៊ូតុង​រក​មើល (Brows) ដើម្បី​ចូល​ទៅ​យក​ឯកសារ​ WXR ដែល​លើក​អ្នក​បាន​នាំ​ចេញ​ពី​ប្លក Wordpress កន្លង​មក។ ហើយ​ចុច Convert ដើម្បី​ធ្វើ​ការ​បម្លែង។ ពេល​នោះ​លោក​អ្នក​នឹង​ទទួល​បាន​ឯកសារ​ដែល​មាន​កន្ទុយ​ជា XML (ដែល​ជា​ឯកសារ​ database របស់ Blogger)។

របៀប​យកឯកសារ XML ទៅ​ដាក់​​ចូល​ក្នុង Blogger.com ៖

- សន្មត​ថា​លោក​អ្នក​បាន​បង្កើត blogger ថ្មី​មួយ​ដែល​មិន​ទាន់​មាន​អត្ថបទ​សោះ​ឡើយ។
- កត់ត្រា​ចូល​ (Log In) ប្លក Blogger របស់​អ្នក។
- ចូល​ទៅ​កាន់ Setting >> Other >> រួច​ចុច​លើ Import blog

 - នោះ​លោកអ្នក​នឹង​ឃើញ​ផ្ទាំង​នាំ​ចូល​​បាន​បង្ហាញ​ឡើង

- ត្រង់​កន្លែង Select an exported blog file (.xml) សូម​ចុច​ប់ប៊ូ​តុង​រក​មើល... ដើម្បី​ចូល​ទៅ​យក​ឯកសារ XML ដែល​អ្នក​បាន​បម្លែង​ទុក​ក្នុង​កុំព្យូទ័រ​រួច​នោះ។
- វាយ​ពាក្យ​កូដ​សន្សំ ដើម្បី​បញ្ជាក់​ថា​អ្នក​មិន​មែន​ជា​គ្រឿង​យន្ត។
- រួច​រាល់​សូម​ចុច​ Import Blog ដើម្បី​ធ្វើ​អោយ​ប្លក​អ្នក​មាន​អត្ថបទ​ដែល​ទាញ​ចេញ​ពី​ឯកសារ XML នោះ។
​ចំណាំ៖ ​គេហទំព័រ​ខាងលើ​អាច​អោយ​លោក​អ្នក​បម្លែង​ពី WXR ទៅ XML ក្នុង​ទំហំ​តូច​ជាង 1 មេហ្កាបៃ តែ​​ប៉ុណ្ណោះ។

   បន្ទាប់​ពី​មើល​សព្វ​គ្រប់​​តាម​ជំហាន​ខាង​លើ​រួច​ហើយ សង្ឃឹម​ថា​អ្នក​ដែល​មាន​ប្លក​នៅ Wordpress ថ្មីថ្មោង​ដែល​ចង់​ដឹក​ជញ្ជូន​អីវ៉ែអីវ៉ាន់​យក​មក​ដាក់​ក្នុង Blogger បាន​ជោគជ័យ។